គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 1. បេសកកម្មរបស់ក្រុមហ៊ុន
តើក្រុមហ៊ុនមានវត្តមានដើម្បីអ្វី? ស្ថាបនិករបស់យើង លោក Konosuke Matsushita បានគិតថា បេសកកម្ម និងតួនាទីរបស់ក្រុមហ៊ុនគឺដើម្បីបំពេញបំណងរបស់មនុស្សគ្រប់រូបដែល«ចង់ឲ្យការរស់នៅរបស់ខ្លួនមានភាពសម្បូរបែប»។
នោះគឺបានន័យថា បេសកកម្មដើមរបស់ក្រុមហ៊ុនគឺ ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវសេវាកម្ម និងផលិតផលគុណភាពល្អជាមួយនឹងតម្លៃសមរម្យ និងមានបរិមាណផ្គត់ផ្គង់សមស្រប ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សគ្រប់រូប។ សម្រាប់ម្ចាស់អាជីវកម្មដែលមានបេសកកម្មបែបនេះ គាត់នឹងគិតថាការធ្វើអាជីវកម្មគឺមិនមែនសម្រាប់តែខ្លួនឯងទេ គឺសម្រាប់សង្គមទាំងមូល ហើយសកម្មភាពទាំងនេះត្រូវបានបង្ហាញតាមរយៈពាក្យមួយថា «ក្រុមហ៊ុនគឺជាឧបករណ៌សាធារណៈរបស់សង្គម»។
ប្រសិនបើគិតថា ក្រុមហ៊ុនគឺជា«ឧបករណ៌សាធារណៈរបស់សង្គម» នោះធនធានមនុស្ស ទ្រព្យសម្បត្តិ ដីធ្លី សម្ភារៈទាំងឡាយគឺសុទ្ធតែជាវត្ថុដែលបានមកពីសង្គម។ ការប្រតិបត្តិសកម្មភាពដោយប្រើប្រាស់ធនធានពីសង្គម ក្រុមហ៊ុនត្រូវប្រើប្រាស់ធនធានទាំងនោះឲ្យអស់ពីសមត្ថភាព និងមានប្រសិទ្ធិភាព ហើយបង្កើតផលចំណេញពីសកម្មភាពទាំងនោះ ដើម្បីផ្តល់វិភាគទានទៅកាន់សង្គមវិញ។
ជាទូទៅ គេតែងគិតថាគោលដៅរបស់ក្រុមហ៊ុនគឺដើម្បីស្វែងរកផលចំណេញ។ ប៉ុន្តែ សម្រាប់ក្រុមហ៊ុន Panasonic យើងគិតថា ផលចំណេញគឺជា «សមិទ្ធិផលដែលសង្គមបានផ្តល់ឲ្យយើងតាមរយៈការចូលរួមវិភាគទានដល់សង្គម»។ ពោលគឺ តាមរយៈកម្រិតនៃការចូលរួមវិភាគទានក្នុងសង្គមអាចបង្កើតឲ្យមានផលចំណេញកាន់តែធំ ហើយផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុនស្ថិតក្នុងស្ថានភាពមិនអាចបង្កើតផលចំណេញបានទេ ក្រុមហ៊ុននោះគឺមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងសង្គមឡើយ ឬអាចនិយាយបានថាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងសង្គម ដូចនេះចាំបាច់ត្រូវធ្វើកំណែទម្រង់ភ្លាម។
ម្យ៉ាងទៀត ការដំណើរការរបស់ក្រុមហ៊ុនតែងមានការពាក់ព័ន្ធក្នុងទម្រង់ផ្សេងៗ ជាមួយភាគីជាច្រើនដូចជា អតិថិជន ដៃគូអាជីវកម្ម ម្ចាស់ភាគហ៊ុន សង្គម ។ល។ ក្រុមហ៊ុនដែលជា «ឧបករណ៌សាធារណៈរបស់សង្គម» ប្រសិនបើលះបង់ការទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធទាំងនោះដើម្បីតែការរីកចម្រើនរបស់ខ្លួន នោះនឹងមិនត្រូវបានទទួលស្គាល់ដោយសង្គមឡើយ។ មានតែការរីកចម្រើនជាមួយភាគីពាក់ព័ន្ធទាំងអស់ ទើបអាចធ្វើឲ្យក្រុមហ៊ុនមានវឌ្ឍនភាពបានយូរអង្វែង។
អ្នកដែលទទួលបន្ទុកបំពេញកាតព្វកិច្ចក្នុងសង្គមរបស់ក្រុមហ៊ុនគឺអ្នកធ្វើការនៅក្នុងនោះ។ នៅក្នុងសង្គមដែលមានការប្រែប្រួលជានិច្ច ប្រសិនបើគ្រាន់តែធ្វើការងាររបស់ខ្លួនដែលត្រូវបានផ្តល់ឲ្យ គឺមិនអាចបន្តបង្កើតផលវិជ្ជមានដល់សង្គម និងមិនអាចឲ្យក្រុមហ៊ុនបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងសង្គមបានឡើយ។ បុគ្គលិកម្នាក់ៗក្នុងក្រុមហ៊ុនចាំបាច់ត្រូវមានស្មារតីកែលំអការងាររបស់ខ្លួនជានិច្ច ទោះបីជាតិចតួចក្តី ដើម្បីឈានដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ និងការរីកចម្រើនរបស់សង្គម។
- 1. បេសកកម្មរបស់ក្រុមហ៊ុន
- 2. បេសកកម្មរបស់ក្រុមហ៊ុន Panasonic និងកិច្ចការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន
- 3. គោលការណ៍រួម
- 4. ជំនឿ/ស្មារតីទាំងប្រាំពីរ
- 5. «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង»របស់ក្រុមហ៊ុន Panasonic
- 6. ការអនុវត្តគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង
- 7. អតិថិជនជាមនុស្សសំខាន់
- 8. ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព
- 9. ការគ្រប់គ្រងដោយការប្រមូលបញ្ញាសមូហភាព
- 10. បង្កើតមនុស្ស និងប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព
សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។