គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 2. បេសកកម្មរបស់ក្រុមហ៊ុន Panasonic និងកិច្ចការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន

ស្ថាបនិករបស់ក្រុមហ៊ុនយើងបានបន្តសញ្ជឹងគិតអំពីបេសកកម្មពិតប្រាកដរបស់សាជីវកម្ម ហើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៣២ លោកបានប្រមូលផ្តុំបុគ្គលិកទាំងអស់ក្នុងហាងនាពេលនោះ ដើម្បីប្រកាសយ៉ាងមុតមាំអំពីបេសកកម្មនោះ។ នៅក្នុងក្រុមហ៊ុន Panasonic គេបានហៅ«ការដឹងពីបេសកកម្មពិត»នោះ ថាជា «វិវរណៈនៃការបង្កើតសាជីវកម្ម»។

ស្ថាបនិកយើងបានលើកឡើងផងដែរថា «បេសកកម្មរបស់យើងក្នុងនាមជាឧស្សាហករ គឺដើម្បីជំនះភាពក្រីក្រ និងនាំមកនូវទ្រព្យសម្បត្តិដល់សង្គម មានតែការសម្រេចគោលបំណងនេះទេ ទើបការរីកចម្រើនរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់»។ យើងត្រូវជំនះភាពក្រីក្រតាមរយៈ «ការបង្កើតផលិតផលជាបន្តបន្ទាប់» ដើម្បីធ្វើឲ្យតម្លៃផលិតផលស្ថិតក្នុងកម្រិតទាបបំផុត ឧទាហរណ៍ដូចជាទឹកម៉ាស៊ីននៅប្រទេសជប៉ុននាសម័យនោះ។

ប៉ុន្តែ គោលបំណងពិតរបស់ស្ថាបនិកដែលបានបញ្ជ្រៀបផ្នត់គំនិត «ទស្សនៈវិជ្ជាទឹក» ត្រូវបានបង្ហាញនៅក្នុងសម្តីរបស់គាត់ដែលបានលើកឡើងថា «សុភមង្គលរបស់មនុស្ស គឺអាចពង្រីក និងរក្សាបានតាមរយៈភាពសម្បូរបែបផ្នែកសម្ភារៈ និងផ្នែកស្មារតី។ ស្ថេរភាពផ្នែកស្មារតី និងការផ្គត់ផ្គង់សម្ភារៈត្រូវដើរទន្ទឹមគ្នា ទើបអាចធ្វើឲ្យសុភមង្គលរបស់មនុស្សមានស្ថេរភាពបាន»។

ដើម្បីសម្រេចបានបេសកកម្មនេះ ស្ថាបនិកយើងបានដាក់ចេញនូវ«ផែនការ២៥០ឆ្នាំ» ដើម្បីកសាង «សង្គមដែលយើងប្រាថ្នា» ដោយបែងចែកជា១០ដំណាក់ការ និងក្នុងមួយដំណាក់ការមានរយៈពេល២៥ឆ្នាំ។ លើសពីនេះទៅទៀត ផែនការ២៥០ឆ្នាំនេះគឺមិនមែនបញ្ចប់ត្រឹមរយៈពេល២៥០នោះទេ គឺនៅ២៥០ឆ្នាំខាងមុខទៀត នឹងមានគោលដៅកាន់តែខ្ពស់ ដើម្បីប្រតិបត្តិដោយស្របតាមវិបុលភាពនៃសម័យកាលពេលនោះ។

«ទស្សនៈវិជ្ជាទឹក»នេះត្រូវបានលើកឡើងតាំងពី៩០ឆ្នាំមុនក៏ពិតមែន តែការគិតដែលចង់ឲ្យមានភាពសម្បូរបែបទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី បែបនេះ ទោះបីជាស្ថិតក្នុងសម័យកាលនេះក៏មិនទាន់ហួសសម័យដែរ។

ជាក់ស្តែង នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ថ្វីត្បិតតែមានសម្ភារៈសម្បូរហូរហៀក្នុងសង្គមក៏ពិតមែន តែប្រសិនបើគិតជាពិសេសទៅលើវឌ្ឍនភាពយ៉ាងឆាប់រហ័សនៃការបំផ្លិចបំផ្លាញបរិស្ថាន និងការថយចុះថាមពលពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យយើងមានការបារម្ភយ៉ាងខ្លាំងថា តើកូនចៅជំនាន់ក្រោយរបស់យើងអាចបន្តការរស់នៅប្រកបដោយភាពសម្បូរបែបដូចពេលបច្ចុប្បន្នបានដែរឬទេ។

កន្លងមក យើងបានផ្តោតលើការផ្តល់សម្ភារៈដោយទាមទារឲ្យមានភាពសម្បូរបែប ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថាស្ថានភាពនេះគឺនៅឆ្ងាយពី «សង្គមដែលយើងប្រាថ្នា»។ ទោះជាយ៉ាងណាក្តី យើងមិនអាចដើរបកក្រោយវិញទេ។ អ្វីដែលយើងត្រូវគិតនាពេលនេះគឺ «ចិត្តនិងសកម្មភាពតែមួយ» ដោយស្រមៃឡើងវិញនូវរូបភាពនៃ «សង្គមដែលយើងប្រាថ្នា» ហើយខិតខំសម្រេចវាឱ្យបាន។

ដើម្បីសម្រេចបាននូវ«សង្គមដែលយើងប្រាថ្នា» ពេលខ្លះយើងត្រូវប្រឈមមុខផ្ទាល់ជាមួយនឹងបញ្ហាសង្គម ហើយត្រូវចូលរួមដោះស្រាយ។ ក្នុងនោះ បញ្ហាបរិស្ថានសកលគឺមានអាទិភាពខ្ពស់បំផុតដែលត្រូវដោះស្រាយនាសតវត្សទី២១។

ក្រុមហ៊ុន Panasonic បាននាំមុខគេនៅទូទាំងពិភពលោកក្នុងការបង្កើតធម្មនុញ្ញបរិស្ថាននៅឆ្នាំ១៩៩១ ដោយយើងបានចូលរួមដោះស្រាយបញ្ហានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខក្នុងការដោះស្រាយបញ្ហាបរិស្ថាននាថ្ងៃមុខ យើងត្រូវបន្តចាត់វិធានការយ៉ាងសកម្ម ដោយផ្អែកលើទស្សនៈផ្សេងៗដូចជា ការកាត់បន្ថយបន្ទុកបរិស្ថានតាមរយៈផលិតផល និងសេវាកម្ម ក៏ដូចជាការកាត់បន្ថយបរិមាណថាមពលដែលយើងប្រើប្រាស់ក្នុងសកម្មភាពផលិត ជាដើម។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។