គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 7. អតិថិជនជាមនុស្សសំខាន់

រាល់អាជីវកម្មទាំងអស់អាចកកើតឡើងបាន គឺត្រូវតែមានផលិតផលនិងសេវាកម្មដែលអតិថិជនចង់ជ្រើសរើស និងចង់ទិញ។ ហេតុផលនេះមិនសំដៅចំពោះតែការលក់ផលិតផលដាច់ទេ ការផ្តល់សេវាកម្មដែលអតិថិជនបានចុះកិច្ចសន្យា និងបង់ប្រាក់រួចជាប្រចាំក៏ដូចគ្នាដែរ។

អាស្រ័យហេតុនេះ អតិថិជនគឺជាមនុស្សដ៏សំខាន់ ហើយយើងត្រូវចេះគិតដោយឈរលើជំហរបស់អតិថិជន និងផ្តល់សេវាកម្មឲ្យចូលដល់ក្នុងចិត្តរបស់អតិថិជន។ ប្រសិនបើមានអ្វីកើតឡើង ត្រូវចាត់វិធានការសមស្រប និងទាន់ពេលវេលា។ ទាំងនេះគឺជាអ្វីដែលយើងត្រូវធ្វើក្នុងការប្រកបអាជីវកម្ម។

ការគិតបែបនេះត្រូវយកមកអនុវត្តជាក់ស្តែង ទើបយើងអាចទទួលបានការជឿជាក់ពីអតិថិជន និងទទួលបានការជ្រើសរើសពីអតិថិជន។ ម្យ៉ាងទៀត ប្រសិនបើមានអតិថិជនជាច្រើននិយាយថា «ជ្រើសរើសយក Panasonic ពិតជាប្រសើរមែន» សម្លេងបែបនេះកាន់តែច្រើន អាជីវកម្មរបស់យើងក៏នឹងកាន់តែរីកចម្រើន ហើយវិវឌ្ឍន៍ទៅមុខជានិច្ច។

ស្ថាបនិករបស់យើងបានបន្សល់ពាក្យពេចន៍ជាច្រើនទាក់ទងនឹងការគិតអំពីការធ្វើជំនួញ ក្នុងនោះ ទាក់ទងនឹងការគិតស្តីពី «អតិថិជនជាមនុស្សសំខាន់» លោកបានលើកឡើងដូចខាងក្រោម៖

・ការផ្តល់ក្តីរីករាយដល់អតិថិជននឹងធ្វើឲ្យវត្តមានយើងមានតម្លៃ

ការលក់ផលិតផលទៅឲ្យអតិថិជន គឺមិនមែនគ្រាន់តែឲ្យគាត់ទទួលយកនូវតម្លៃផលិតផលប៉ុណ្ណោះទេ យើងត្រូវឲ្យគាត់មានអារម្មណ៍រីករាយ និងមានទំនុកចិត្ត។ អារម្មណ៍រីករាយនេះគឺមានតម្លៃដ៏ធំធេងខ្លាំងណាស់។ ដូច្នេះ យើងត្រូវគិតឲ្យច្បាស់អំពីរបៀបពន្យល់ និងសេវាកម្ម។ តាមរយៈការធ្វើបែបនោះ ក្រៅពីផលចំណេញ យើងថែមទាំងអាចទទួលបានក្តីរីករាយទៀតផង។

・ការក្លាយជាភ្នាក់ងារទិញរបស់អតិថិជន

ពេលធ្វើអាជីវកម្ម យើងគួរពិនិត្យមើលផលិតផលដែលខ្លួនគ្រប់គ្រងឱ្យបានហ្មត់ចត់ ហើយលក់ដោយភាពជឿជាក់។ ទោះជាយ៉ាងណាក៏ដោយ រឿងសំខាន់បំផុតមួយដែលត្រូវចងចាំនៅពេលធ្វើដូច្នេះ គឺត្រូវឈរលើជំហរបស់អតិថិជន ហើយពិនិត្យមើលផលិតផលដូចអ្នកជាភ្នាក់ងារទិញ*របស់អតិថិជន។ ប្រសិនបើយើងគិតថា ខ្លួនយើងជាភ្នាក់ងារទិញរបស់អតិថិជន នោះយើងនឹងអាចពិនិត្យមើលផលិតផល ដោយពិចារណាអំពីតម្រូវការរបស់អតិថិជន ថាតើផលិតផលប្រភេទណាដែលពួកគេត្រូវការ និងចង់បានក្នុងកម្រិតណា ហើយយើងនឹងងាយពិចារណាពីវិធីដែលមានប្រយោជន៍ដល់អតិថិជន។ *ភ្នាក់ងារទិញ ៖ នៅតាមហាង គឺសំដៅទៅលើអ្នក(បុគ្គលិក)ដែលទទួលធ្វើការងារទាំងផ្នែកលក់ និងគិតប្រាក់។

・ការរីកចម្រើននឹងកើតមានឡើងនៅពេលយើងយកចិត្តទុកដាក់លើអតិថិជន

យើងនឹងមានចិត្តសប្បាយរីករាយនៅពេលអតិថិជនលើកសរសើរពីផលិតផលដែលយើងបានខំប្រឹងបង្កើត ហើយក្តីរីករាយនេះធ្វើឲ្យយើងមានអារម្មណ៍សប្បាយជាងការដែលអតិថិជនទិញផលិតផលទៀត។ ទោះជាក្រុមហ៊ុនរីកធំយ៉ាងណាក៏ដោយ អ្វីដែលសំខាន់ជាងគេគឺបុគ្គលិកម្នាក់ៗចេះយកចិត្តទុកដាក់ស្តាប់ពីតម្រូវការរបស់អតិថិជន។ ធ្វើដូចនេះ យើងនឹងកាន់តែទទួលបានការគាំទ្រពីអតិថិជន ហើយនឹងមានការផ្សព្វផ្សាយតៗគ្នា ធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខ។

・ក្រុមហ៊ុននឹងរលំនៅពេលគំរោះគំរើយដាក់អតិថិជន

ឧទាហរណ៍ថា មានហាងលក់មីអ៊ុដុងពីរដែលមានតម្លៃដូចគ្នា ហាងមួយមានភាពរាក់ទាក់និងយកចិត្តទុកដាក់លើអតិថិជន ហាងមួយទៀតមានភាពគំរោះគំរើយដាក់អតិថិជន តើហាងទាំងពីរនេះហាងមួយណាដែលអតិថិជនចូលច្រើនជាង។ ប្រាកដណាស់គឺជាហាងដែលយកចិត្តទុកដាក់លើអតិថិជនហើយ។ ទោះបីជាក្រុមហ៊ុន Matsushita Electric ធំយ៉ាងណាក៏ដោយ យើងត្រូវរក្សាឥរិយាបទដូចហាងមីអ៊ុដុងដែលតែងតែយកចិត្តទុកដាក់លើអតិថិជន ដូចការលើកឡើងខាងលើ ហើយនោះគឺជាឥរិយាបទពិតដែលយើងត្រូវមាន។ ប្រសិនបើក្រុមហ៊ុនគ្រាន់តែស្ថិតក្នុងស្ថានភាពមានបុគ្គលិកច្រើន ឬមានតួរលេខលក់បានច្រើន ដោយបុគ្គលិកពុំមានការយកចិត្តទុកដាក់ ហើយគំរោះគំរើយដាក់អតិថិជន នោះក្រុមហ៊ុននឹងច្បាស់ជារលាយនៅពេលណាមួយជាក់ជាពុំខាន។

ទោះបីជាក្រុមហ៊ុនពង្រីកខ្លួនធំប៉ុណ្ណា ឬមានរចនាសម្ព័ន្ធស្មុគស្មាញយ៉ាងណាក៏ដោយ បុគ្គលិកទាំងអស់ត្រូវបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ដោយមានការយកចិត្តទុកដាក់ចំពោះអតិថិជន។ ដោយឡែក ប្រសិនបើអាជីវកម្មនីមួយៗពុំមានភាពរីកចម្រើនទេ នោះគឺបានន័យថាយើងមិនទាន់អាចប្រតិបត្តិអាជីវកម្មរបស់ខ្លួនដោយផ្តល់ការយកចិត្តទុកដាក់លើអតិថិជនបានពិតប្រាកដឡើយ នឹងប្រហែលមកពីមានកន្លែងណាមិនល្អធ្វើឲ្យយើងមិនទាន់អាចទទួលការទុកចិត្តពីអតិថិជន ដូច្នេះហើយយើងត្រូវស្រាវជ្រាវរកមូលហេតុ និងធ្វើការកែសម្រួលឲ្យបានទាន់ពេលវេលា។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។