គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 10. បង្កើតមនុស្ស និងប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព

​(1) ការឲ្យតម្លៃលើបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Panasonic

អំណាចរបស់ក្រុមហ៊ុនគឺបានមកពីការរួមកម្លាំងរបស់បុគ្គលិកម្នាក់ៗ។ ហេតុដូចនេះ ដើម្បីលើកកម្ពស់អំណាចនោះបាន បុគ្គលិកម្នាក់ៗត្រូវចេះមើលឃើញនូវការងាររបស់ខ្លួនដែលត្រូវបំពេញ ហើយខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាពខ្លួន និងបន្តធ្វើការកែលំអជានិច្ច។

ម្យ៉ាងទៀត គោលដៅរបស់បុគ្គលិកម្នាក់ៗ និងទិសដៅរបស់ក្រុមហ៊ុនត្រូវដូចគ្នា និយាយឲ្យខ្លីទៅគឺបានន័យថា គោលដៅរបស់ក្រុមហ៊ុនគឺជាខ្សែពង្រីកគោលដៅរបស់បុគ្គលិកម្នាក់ៗ ដូច្នេះទើបអាចប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែតរបស់អ្នកទាំងអស់គ្នាបង្កើតចេញជាស្ថាប័នមួយ និងអាចបំពេញការងារដ៏អស្ចារ្យឈានមុខគេ និងត្រូវបានអតិថិជនជ្រើសរើសយក។

ដើម្បីអាចធ្វើបែបនេះបាន បុគ្គលិកថ្នាក់ដឹកនាំត្រូវយល់ពីបុគ្គលិកលក្ខណៈ និងសារធាតុរបស់បុគ្គលិកថ្នាក់ក្រោម ហើយជម្រុញនូវចំណុចល្អនីមួយៗរបស់ពួកគេ ដើម្បីធ្វើឲ្យសក្តានុពលនៃសមត្ថភាពនោះប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និងឲ្យពួកគេមានចិត្តក្នុងការបំពេញការងារ។ ជាមួយគ្នានេះផងដែរ បុគ្គលិកថ្នាក់ក្រោមក៏ត្រូវជឿជាក់ចំពោះសក្តានុពលរបស់ខ្លួន ហើយបន្តខំប្រឹងអភិវឌ្ឍខ្លួនជានិច្ច។

ការរីកចម្រើនរបស់ក្រុមហ៊ុន Panasonic គឺអាស្រ័យទៅលើបុគ្គលិកយើងម្នាក់ៗ។ រីឯក្រុមហ៊ុន Panasonic គឺអាចបន្តចូលរួមចំណែកអភិវឌ្ឍសង្គមទៅថ្ងៃអនាគតបានទៀតឬយ៉ាងណា ក៏អាស្រ័យទៅលើផ្នត់គំនិតយើងម្នាក់ៗដែលកំពុងបំពេញការងារនៅក្នុងក្រុមហ៊ុននេះផងដែរ។

អាស្រ័យដូចបានលើកឡើងខាងលើ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់យើងគឺ បណ្តុះ និងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពនូវ «ធនធានមនុស្សដែលជាទ្រព្យ» ដ៏សំខាន់ដែលយើងទទួលបានពីសង្គម ហើយស្ថាបនិករបស់យើងក៏បានលើកឡើងផងដែរថា «អាជីវកម្មគឺអាស្រ័យលើមនុស្ស»។

«អាជីវកម្មគឺអាស្រ័យលើមនុស្ស» ៖ ការគ្រប់គ្រងបែបណាក៏ដោយ ទាល់តែមានមនុស្សសមស្របទើបអាចរីកចម្រើនទៅមុខបាន។ ទោះបីជាក្រុមហ៊ុនមានប្រវត្តិ ឬប្រពៃណីដ៏អស្ចារ្យយ៉ាងណាក៏ដោយ ប្រសិនបើប្រពៃណីនោះពុំមានមនុស្សទទួលយកបានត្រឹមត្រូវទេ នឹងឈានទៅរកភាពអន់ថយជាក់ជាពុំខាន។ វិធីសាស្ត្រ និងរចនាសម្ព័ន្ធនៃការគ្រប់គ្រងមានសារៈសំខាន់ក៏ពិតមែន តែមានតែមនុស្សប៉ុណ្ណោះដែលអាចធ្វើវាឲ្យមានប្រសិទ្ធិភាព។ «សង្ខេប» អាស្រ័យហេតុនេះ នៅក្នុងការគ្រប់គ្រងអាជីវកម្ម អ្វីដែលយើងត្រូវធ្វើមុនគេគឺ ស្វែងរកមនុស្ស និងធ្វើការបណ្តុះមនុស្ស។

(2) ពង្រីកសក្តានុពលរបស់ខ្លួន

ក្នុងនាមជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Panasonic យើងត្រូវមាន«ចិត្តស្មោះស»ជានិច្ច ដោយប្រតិបត្តិតាមគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង និងធ្វើការវិនិច្ឆ័យ ឬវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ ហើយពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការយកចិត្តទុកដាក់ឆ្លុះបញ្ជាំងលើបទពិសោធន៍ដែលបានមកពីការប្រតិបត្តិយ៉ាងហ្មត់ចត់ជាប្រចាំ។

ជាពិសេស «ស្មារតីដែលត្រូវគោរពប្រតិបត្តិតាម(ស្មារតីទាំងប្រាំពីរ)» គឺជាគោលការណ៍ណែនាំដ៏ល្អមួយសម្រាប់បុគ្គលិកក្រុមហ៊ុន Panasonic ធ្វើការអភិឌ្ឍខ្លួនឯង និងមានការរស់នៅប្រកបដោយភាពល្អប្រសើរ ក្នុងនាមជាអ្នកជំនួញដែលមានចិត្តចង់ចូលរួមអភិវឌ្ឍសង្គម។ លោក Arataro Takahashi អតីតប្រធានបានពន្យល់ពីសារៈសំខាន់នៃការអនុវត្តគោលការណ៍ទាំងប្រាំពីរដូចខាងក្រោម៖

«ស្មារតីទាំងប្រាំពីរ»គឺជាមូលដ្ឋានគ្រឹះនៃគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង។ ឧទាហរណ៍ដូចជា ខ្លឹមសារនៅក្នុង «ចូលរួមចំណែកក្នុងសង្គមតាមរយៈឧស្សាហកម្ម» គឺជាការប្រតិបត្តិ«គោលការណ៍រួម» ហើយការអនុវត្តជាក់ស្តែងទៅលើគោលការណ៍ទាំងនេះ គឺជាការបំពេញការងារមួយដែលល្អជាងគេទាំងផ្នែកសេវាកម្ម តម្លៃ គុណភាព ដើម្បីឲ្យអតិថិជនជ្រើសរើសយក។ នៅពេលមានការយល់ឃើញបែបនេះ យើងនឹងតែងតែពិចារណាឡើងវិញជានិច្ចថាតើ«ផលិតផលដែលខ្លួនកំពុងផលិតពិតជាបានចូលរួមវិភាគទានដល់សង្គមមែនឬ? តើរបៀបធ្វើក្នុងពេលបច្ចុប្បន្នពិតជាល្អហើយឬ?» ការគិតបែបនេះនឹងធ្វើឲ្យយើងកើតមានគំនិតច្នៃប្រឌិត និងអាចឆ្លុះបញ្ជាំងនូវគោលការណ៍មូលដ្ឋានទៅក្នុងការងារជាក់ស្តែង។ អាស្រ័យហេតុនេះហើយទើបយើងនិយាយថា បើគ្មានគោលការណ៍មូលដ្ឋានច្បាស់លាស់ទេ គឺមិនអាចបណ្តុះបណ្តាលធនធានមនុស្សបានឡើយ។

ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយភាពសមរម្យ និងសមស្របតាមពេលវេលា។ ដោយឡែក ក្នុងនាមយើងជាបុគ្គលិកម្នាក់ៗក៏ត្រូវមានចិត្តចង់រីកចម្រើន មានគោលដៅសម្រាប់ខ្លួនឯង និងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនោះ។

(3) គោលការណ៍អភិវឌ្ឍធនធានមនុស្ស

ស្ថាបនិក លោកបានបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងក្រុមហ៊ុន Panasonic ជាមួយនឹងឃ្លាថា «ត្រូវអភិវឌ្ឍន៍មនុស្សឲ្យបានមុនពេលផលិតផលិតផល»។ លោកគិតថា ដើម្បីផលិតចេញជាផលិតផលល្អបាន គឺត្រូវបង្កើតធនធានមនុស្សដែលត្រឹមត្រូវសិន។

តើយើងបង្កើតធនធានមនុស្សដោយរបៀបណា ហើយប្រើប្រាស់យ៉ាងដូចម្តេចឲ្យមានប្រសិទ្ធិភាព។ មូលដ្ឋាននៃការគិតទាំងនោះគឺ ស្វែងយល់ច្បាស់ពីគោលការណ៍គ្រប់គ្រងមូលដ្ឋាន ហើយបណ្តុះបណ្តាល«ធនធានមនុស្សដែលជាទ្រព្យ»ផ្អែកតាមគោលការណ៍ទាំងនោះ ដោយបន្តអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃ ចេះដាក់ខ្លួននិងធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង ព្រមទាំងខិតខំកែលម្អជានិច្ច។

ចំណុចសំខាន់នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សគឺ ហ៊ានប្រគល់ការងារឲ្យបុគ្គលិកថ្នាក់ក្រោមធ្វើ។ នេះក៏ជាចំណុចសំខាន់មួយនៃ«ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព»ដែរ។ ទីតាំងបណ្តុះបណ្តាលធនធានមនុស្សគឺស្ថិតនៅកន្លែងការងារជាក់ស្តែង ដើម្បីមានសមត្ថភាពបំពេញការងារកាន់តែល្អប្រសើរ ត្រូវប្រតិបត្តិការងារនៅកន្លែងជាក់ស្តែងដោយចាត់ទុកថានោះជាកិច្ចការរបស់ខ្លួន គិតដោយខ្លួនឯង ហើយអនុវត្តដោយខ្លួនឯង និងរៀនពីបទពិសោធន៍ទាំងនោះ។

ការប្រគល់ការងារឲ្យបុគ្គលិកមិនមែនមានន័យថាបោះការងារទាំងស្រុងឲ្យគេទេ។ បុគ្គលិកថ្នាក់ដឹកនាំត្រូវដឹងថាខ្លួនគឺជាអ្នកមានទំនួលខុសត្រូវចុងក្រោយក្នុងការងារនោះ ហើយឲ្យបុគ្គលិកថ្នាក់ក្រោមរៀនគិតដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ និងបន្តកែលំអជានិច្ច។ យើងមិនមែនបង្រៀនគាត់ទាំងអស់នោះទេ ចំណុចសំខាន់គឺធ្វើការប្រាស្រ័យទាក់ទងឲ្យគាត់ចេះគិត ចេះស្វែងយល់ និងចាត់ទុកកិច្ចការនោះជារបស់ខ្លួន។

យើងត្រូវគិតពីជំហរបស់សាម៉ីខ្លួន ពេលខ្លះចាំបាច់ត្រូវតឹងរឹងផងដែរ តែអ្វីដែលសំខាន់ជាងគេនោះគឺ ធ្វើឲ្យបុគ្គលិកថ្នាក់ក្រោមមានការជឿជាក់ចំពោះថ្នាក់ដឹកនាំ មានទំនុកចិត្តក្នុងការបំពេញការងារដើម្បីភាពរីកចម្រើនរបស់ខ្លួន ព្រមទាំងប្រាស្រ័យទាក់ទងគ្នាប្រកបដោយក្តីស្រលាញ់ និងស្មោះត្រង់។

ដើម្បីអាចបំពេញភារៈកិច្ចក្នុងនាមជាថ្នាក់ដឹកនាំដោយមានគោលជំហ «ប្រគល់ការងារឲ្យផង មិនប្រគល់ឲ្យផង» យើងចាំបាច់ត្រូវដើរឲ្យបានមុនបុគ្គលិកថ្នាក់ក្រោមមួយជំហ៊ាន និងគិតឲ្យបានស៊ីជម្រៅអំពីហានិភ័យដែលអាចនឹងកើតមាននាថ្ងៃអនាគត។ ដោយឡែក ពេលខ្លះយើងក៏អាចរៀនពីបុគ្គលិកថ្នាក់ក្រោមវិញ ហើយទាំងនោះក៏នឹងធ្វើឲ្យខ្លួនយើងផ្ទាល់រីកចម្រើនផងដែរ។

មានឧទាហរណ៍ជាក់ស្តែងមួយ គឺរឿងនៅពេលបង្កើតរោងចក្រនៅខេត្ត Saga ។ នៅអំឡុងពាក់កណ្តាលឆ្នាំ ១៩៥៥ លោកអតីតប្រធាន Arataro Takahashi បានជ្រើសរើសយុវជនដែលមានអាយុប្រហែល៣០ឆ្នាំ ចំនួន២នាក់ នៅពេលបង្កើតរោងចក្រផលិតអាគុយស្ងួតសម្រាប់ Kyushu Matsushita Electric នៅខេត្ត Saga។ ទោះបីជាពួកគេទាំង២ពុំមានបទពិសោធន៍ក្នុងការបង្កើតរោងចក្រក៏ដោយ តែលោកបានប្រគល់ការងារទាំងស្រុងដែលមានចាប់តាំងពីការសាងសង់រោងចក្រថ្មី ការរៀបចំបំពាក់បរិក្ខារ រហូតដល់ការដំណើរការផលិត។

លោកអតីតប្រធាន Arataro Takahashi មិនបានដាក់លក្ខខណ្ឌលម្អិតដោយគ្រាន់តែបង្ហាញពីគោលគំនិតមូលដ្ឋាន និងប្រាប់ថាចង់ឲ្យកាត់បន្ថយថ្លៃសាងសង់នៅពេលនោះឲ្យនៅសល់តែពាក់កណ្តាល។ ឆ្លើយតបនឹងសំណើរដ៏លំបាកនេះ អ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងព្យាយាមបង្កើតនូវគំនិតច្នៃប្រឌិត ជាលទ្ធផល ពួកគេសម្រេចបាននូវការសាងសង់រោងចក្រ ដោយប្រើថវិកាតិចជាគម្រោងថវិកាដែលមានតាំងពីដើម។ ក្រោយមក ពួកគេទាំង២នាក់បានក្លាយជាបុគ្គលិកថ្នាក់គ្រងគ្រង និងបំពេញការងារពាក់ព័ន្ធជាមួយការបង្កើតរោងចក្រនៅក្រៅប្រទេស ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងថ្នាក់គ្រងគ្រងរបស់ក្រុមហ៊ុន Panasonic ។

ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ជាងគេរបស់បុគ្គលិកថ្នាក់ដឹកនាំ។ នៅក្នុងក្រុមហ៊ុន Panasonic យើងមានគោលដៅបន្តចូលរួមអភិវឌ្ឍសង្គមដើម្បីបង្កើត«សង្គមដែលយើងប្រាថ្នា»។ នៅក្នុងគោលដៅ និងបំណងប្រាថ្នាដ៏ឧត្តុង្គឧត្តមនេះ ថេរវេលាចូលរួមចំណែកបំពេញការងារនេះគឺមានរយៈពេលខ្លីសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះ ដើម្បីបន្តប្រតិបត្តិការងារនេះប្រកបដោយនិរន្តរភាព បុគ្គលិកថ្នាក់លើចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកថ្នាក់ក្រោម និងប្រគល់ការងារឲ្យទៅអ្នកជំនាន់ក្រោយធ្វើ។

បុគ្គលិកថ្នាក់លើមានតួនាទីណែនាំឲ្យបុគ្គលិកថ្នាក់ក្រោមបំពេញការងារឲ្យបានល្អជាងខ្លួន។ នៅក្នុងសង្គមដែលមានវឌ្ឍនភាពយ៉ាងលឿននេះ មិនប្រាកដថាវិធីសាស្ត្រដែលធ្លាប់ប្រើកន្លងមកនៅតែល្អសម្រាប់អ្នកជំនាន់ក្រោយនោះទេ។ ពេលបុគ្គលិកថ្នាក់ក្រោមកាន់ការងារដែលតម្រូវឲ្យមានទំនួលខុសត្រូវ យើងត្រូវបង្វឹកឲ្យគាត់ចេះចាត់ចែងការងារតាមកាលៈទេសៈ និងដោះស្រាយបញ្ហាលំបាកខ្លះៗ។

ក្រៅពីនេះ នៅមានពាក្យពេចន៍ល្អៗជាច្រើនទៀតទាក់ទងនឹងការបង្កើតធនធានមនុស្ស និងប្រើធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងខំប្រឹងស្វែងយល់បន្ថែម ហើយប្រើប្រាស់វានៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។