គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 8. ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព

នៅក្នុងក្រុមហ៊ុន Panasonic ការគ្រប់គ្រងគឺមិនមែនជាកម្មសិទ្ធិតែមួយរបស់អ្នកគ្រប់គ្រងឡើយ។ បុគ្គលិកយើងម្នាក់ៗត្រូវមានទំនួលខុសត្រូវ និងធ្វើជាអ្នកគ្រប់គ្រងទៅលើការងារដែលខ្លួនទទួលបន្ទុក ដោយប្រតិបត្តិតាមគោលការណ៍របស់ក្រុមហ៊ុន ហើយធ្វើការគ្រប់គ្រងដោយមានភាពម្ចាស់ការ និងទំនួលខុសត្រូវ។ ទាំងនេះគឺជាការគិតបែបមូលដ្ឋាននៃការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព។

រាល់ស្ថាប័នទាំងឡាយ ត្រូវអនុវត្តតាមគោលការណ៍ និងទស្សនៈវិស័យរបស់ស្ថាប័នខាងលើ ហើយបំពេញការងារដោយគិតថាទាំងនោះគឺជាអាជីវកម្មរបស់ខ្លួនផ្ទាល់ និងចាំបាច់ត្រូវបន្តធ្វើការកែលំអដោយខ្លួនឯង។ ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាពគឺជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងមួយរបស់ក្រុមហ៊ុន Panasonic ហើយក៏ជាវប្បធម៌ក្រុមហ៊ុនក្នុងការបណ្តុះធនធានមនុស្សផងដែរ។

ចំណុចសំខាន់ដើម្បីអនុវត្តការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាពនៅក្នុងអាជីវកម្ម ស្ថាបនិក យើងបានលើកឡើងថា «ជាបឋមអ្នកគ្រប់គ្រងផ្ទាល់ត្រូវដឹងពីបេសកកម្ម និងទស្សនៈវិស័យនៃការគ្រប់គ្រងឲ្យច្បាស់ ហើយពាំនាំ និងបញ្ជ្រាបការគិតទាំងនោះទៅកាន់បុគ្គលិកជានិច្ច» «ត្រូវហ៊ានប្រគល់ការងារឲ្យបុគ្គលិកថ្នាក់ក្រោម និងឲ្យពួកគេប្រតិបត្តិការងារដោយមានភាពម្ចាស់ការ និងទំនួលខុសត្រូវចំពោះដែនសមត្ថកិច្ចរបស់ខ្លួន»។

មនុស្សគ្រប់រូប នៅពេលមើលឃើញនូវអ្វីដែលខ្លួនត្រូវធ្វើ ហើយយល់ពីអត្ថន័យ និងមានកម្លាំងចិត្តខ្លាំងក្នុងការសម្រេចនូវកិច្ចការនោះ ពួកគេនឹងព្យាយាមបង្កើនចំណេះដឹងខ្លួន ហើយខំប្រឹងច្នៃរកវិធីដើម្បីពង្រីកសក្តានុពលនោះ។ អាស្រ័យហេតុនេះ ថ្នាក់លើគ្រប់រូបនៅពេលប្រគល់ការងារឲ្យបុគ្គលិកថ្នាក់ក្រោម ចាំបាច់ត្រូវចេះធ្វើឲ្យគាត់មានកម្លាំងចិត្តខ្លាំងបែបនោះក្នុងការបំពេញការងារ។ តាមរយៈការធ្វើបែបនេះ បុគ្គលិកម្នាក់ៗនឹងយល់ពីអត្ថន័យក្នុងការបំពេញការងាររបស់ខ្លួន ហើយទទួលបានក្តីរីករាយ និងសុភមង្គលតាមរយៈការងារ ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព។

ស្ថាបនិកយើងបានលើកឡើងពីការប្រាស្រ័យទាក់ទងជាមួយនឹងការងាររបស់បុគ្គលិកម្នាក់ៗថាជា៖ «បុគ្គលិកសហគ្រិន» «បុគ្គលិកម្នាក់ៗគឺជាម្ចាស់អាជីវកម្មឯករាជ្យមួយ និងជាអ្នកគ្រប់គ្រង» លោកចង់ឲ្យបុគ្គលិកទាំងអស់មានផ្នត់គំនិតបែបនេះនៅពេលបំពេញការងារ ឬប្រើចក្ខុវិស័យមើល ឬធ្វើការវិនិច្ឆ័យទៅលើអ្វីមួយ។

ក្នុងនាមជាបុគ្គលិកសហគ្រិន នៅពេលបំពេញការងារបុគ្គលិកម្នាក់ៗត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតវិធីសាស្ត្រ ឬមធ្យោបាយកាន់តែល្អប្រសើរ និងហ៊ានអនុវត្តជាក់ស្តែង ហើយចាត់ទុកថាការសម្រេចឲ្យចេញជាលទ្ធផលកាន់តែធំគឺជាបេសកកម្មមួយដែលខ្លួនត្រូវសម្រេច។ ការមានទំនួលខុសត្រូវបែបនេះគឺសំខាន់ណាស់។

ពាក់ព័ន្ធនឹងទំនួលខុសត្រូវបែបនេះ លោក Morimasa Ogawa អតីតប្រធានក្រុមហ៊ុន Matsushita Housing Products ដែលជាអ្នកបានចូលរួមអាជីវកម្មមីក្រូវ៉េវតាំងពីដំណាក់ការដំបូងរហូតដល់បង្កើតជាអាជីវកម្មសកល លោកបានលើកឡើងថា បុគ្គលិកម្នាក់ៗត្រូវមាន «ទំនួលខុសត្រូវដោយស្វ័យភាព» នេះ។ យើងទាំងអស់គ្នាត្រូវក្លាយជាបុគ្គលិកសហគ្រិនដោយមានទំនួលខុសត្រូវស្វ័យភាពនេះ។

នៅពេលស្ថាបនិកធ្វើការពន្យល់អំពីបុគ្គលិកសហគ្រិនទៅកាន់បុគ្គលិកវ័យក្មេង លោកបានប្រៀបធៀបអង្គភាពគ្រប់គ្រងដែលមានឯករាជ្យភាពដូចជា «អ្នកពពាយនាយលក់មីអ៊ុដុងនៅពេលយប់*» អ្នកលក់ទាំងនោះបានជម្រុញការលក់ដោយខ្លួនឯង និងសួរទៅកាន់អតិថិជនថា «តើរសជាតិថ្ងៃនេះយ៉ាងម៉េចដែរ» ហើយពួកគេបានបន្តធ្វើការកែលំអតាមរយៈសម្លេងដែលទទួលបាន។ ពួកយើងចាំបាច់ត្រូវមានទឹកចិត្ត និងការខំប្រឹងបែបនេះ។

ទោះបីអ្នកគ្រាន់តែជាសមាជិកម្នាក់នៅក្នុងស្ថានប័នដ៏ធំក៏ដោយ គ្រាន់តែបំពេញការងារដែលគេដាក់ឲ្យ ឬគោរពប្រតិបត្តិតាមរចនាសម្ព័ន្ធ និងនីតិវិធីដែលបានកំណត់គឺមិនគ្រប់គ្រាន់ទេ។ ការបន្តធ្វើការកែលំអដោយយើងម្នាក់ៗចេះគិត ហើយព្យាយាមធ្វើវាឲ្យកាន់តែប្រសើរជាងមុនគឺសំខាន់ណាស់។

នៅក្នុងក្រុមហ៊ុនដែលតែងតែមានភាពបម្រែបម្រួល និងវឌ្ឍនភាព ប្រសិនបើយើងប្រកបការងារតាមទស្សនៈ និងការគិតរបស់ខ្លួន នោះយើងនឹងមិនអាចត្រូវបានអតិថិជនជ្រើសរើសយកជាបន្តទៀតទេ។ យើងត្រូវគិតថា «ភាពល្អបំផុតនៅថ្ងៃនេះគឺមិនមែនសំដៅលើភាពល្អបំផុតនៅថ្ងៃស្អែកទេ។ ថ្ងៃស្អែកត្រូវមានភាពល្អបំផុតរបស់ថ្ងៃស្អែកកើតឡើង» យើងចាំបាច់ត្រូវមានគោលដៅខ្ពស់ជានិច្ច។

* សំដៅលើអ្នកករុញរទេះចល័តដើរលក់មីអ៊ុដុងនៅពេលយប់។ សម្លេងខ្លុយពពាយនាយនោះគេហៅថា «សម្លេងពពាយនាយពេលយប់»។ ការគិតបែបគ្រប់គ្រងដោយទំនួលខុសត្រូវស្វ័យភាពត្រូវបានចេញជារូបរាងនៅឆ្នាំ១៩៩៣ តាមរយៈការដាក់ឲ្យមាន«ប្រព័ន្ធបែងចែកផ្នែកអាជីវកម្ម»។ ប្រព័ន្ធបែងចែកផ្នែកអាជីវកម្មគឺតម្រូវឲ្យការគ្រប់គ្រងរបស់ផ្នែកនីមួយៗមានការអភិវឌ្ឍផលិតផល ការផលិត ការលក់ ការគ្រប់គ្រងចំណូលចំណាយទាំងអស់ដោយផ្ទាល់ ដោយបែងចែកតាមផលិតផលរបស់ក្រុមហ៊ុន ហើយនេះគឺជាប្រព័ន្ធមួយដែលឲ្យស្ថាប័នមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ នៅផ្នែកអាជីវកម្មត្រូវបានតម្រូវឲ្យមានការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព ប៉ុន្តែតាមរយៈការធ្វើបែបនេះបានផ្សារភ្ជាប់នូវការបណ្តុះបណ្តាលប្រធានផ្នែក និងបុគ្គលិកផងដែរ ហើយនាំឲ្យមានក្រុមហ៊ុន Panasonic Group ដូចសព្វថ្ងៃ។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។