គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 4. ជំនឿ/ស្មារតីទាំងប្រាំពីរ

ក្នុងនាមជាបុគ្គលិករបស់ក្រុមហ៊ុន Panasonic ផ្នត់គំនិតសម្រាប់យើងអនុវត្តការងារប្រចាំថ្ងៃ គឺមាននៅក្នុង«ជំនឿ» និង «ស្មារតីដែលយើងត្រូវគោរពប្រតិបត្តិ (ស្មារតីទាំងប្រាំពីរ)»។

ជំនឿ ៖ វឌ្ឍនភាព និងការអភិវឌ្ឍអាចសម្រេចបានលុះត្រាតែមានការខិតខំប្រឹងប្រែង និងការសហការគ្នារវាងបុគ្គលិកគ្រប់រូប។ យើងត្រូវសាមគ្គីជាធ្លុងមួយ និងប្តេជ្ញាចិត្តបំពេញភារៈកិច្ចក្រុមហ៊ុនប្រកបដោយភាពស្មោះត្រង់ជានិច្ច។

ដើម្បីចូលរួមអភិវឌ្ឃសង្គមតាមរយៈអាជីវកម្ម ជាបឋម បុគ្គលិកទាំងអស់ត្រូវសហការគ្នា មានចិត្តតែមួយក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយភាពស្មោះត្រង់។ ស្ថាប័ននីមួយៗត្រូវមានគោលដៅខ្ពស់រៀងៗខ្លួន ហើយសមាជិកក្នុងក្រុមត្រូវស្វែងយល់ឲ្យច្បាស់អស់ពីចិត្ត អនុវត្តការងារជាក្រុមប្រកបដោយភាពជឿជាក់ចំពោះសមាជិកក្នុងក្រុម ទើបអាចឲ្យយើងសម្រេចគោលដៅស្ថាប័ន និងឈានដល់ការចូលរួមអភិវឌ្ឍសង្គម។

ចូលរួមចំណែកក្នុងសង្គមតាមរយៈឧស្សាហកម្ម៖ ការតបស្នងទៅកាន់សហគមន៍គឺជាគោលដៅគ្រប់គ្រងមូលដ្ឋានរបស់ក្រុមហ៊ុនយើង។ យើងប្តេជ្ញាថានឹងប្រកាន់ភ្ជាប់ស្មារតីនេះជាចម្បងក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួន។

បេសកកម្មរបស់យើងគឺ ដើម្បីឆ្ពោះទៅ«សង្គមដែលយើងប្រាថ្នា» យើងនឹងចូលសម្របសម្រួលដល់បរិស្ថានពិភពលោក បង្កើតវឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រទេសនានានៅទូទាំងពិភពលោកតាមរយៈអាជីវកម្មរបស់យើង។ ការប្រកាន់ភ្ជាប់នូវគោលគំនិតនេះ នឹងតម្រូវឲ្យយើងចេះខិតខំប្រឹងប្រែងអនុវត្តការងារប្រចាំថ្ងៃ ដើម្បីផ្តល់នូវសេវាកម្ម តម្លៃ គុណភាពទំនិញដែលល្អជាងគេ។

សមភាពនិងភាពស្មោះត្រង់៖ សមភាព និងភាពស្មោះត្រង់គឺជាកត្តាមូលដ្ឋានដែលមនុស្សគ្រប់រូបចាំបាច់ត្រូវតែមាន។ ទោះបីជាមានចំណេះដឹង ឬទេព្យកោសលប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានស្មារតីបែបនេះទេគឺមិនគ្រប់គ្រាន់ឡើយ។

ជាការពិត យើងត្រូវគោរពប្រតិបត្តិតាមបទដ្ឋាន និងរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម ហើយប្រតិបត្តិសកម្មភាពជាលក្ខណៈបើកជំហ ប្រកបដោយភាពយុត្តិធម៌ និងគ្មានភាពលំអៀងលើចិត្តបុគ្គល។ ការប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ និងអនុវត្តសកម្មភាពប្រកបដោយភាពយុត្តិធម៌គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាអ្នកមានចំណេះដឹងទូលំទូលាយ ហើយមានទេព្យកោសលពូកែយ៉ាងណាក៏ដោយ ប្រសិនបើពុំមានឧត្តមគតិបែបនេះទេ គឺមិនស័ក្កសមនឹងធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Panasonicឡើយ។

សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម៖ សាមគ្គីភាពគឺជាចំណុចស្នូលនៃជំនឿមួយក្នុងក្រុមហ៊ុនយើង ទោះបីជាមានធនធានមនុស្សបុគ្គលល្អយ៉ាងណាក៏ដោយ ប្រសិនបើពុំមានស្មារតីសាមគ្គីគ្នាទេ គឺប្រៀបដូចជាចាបមួយសម្បុកប្រមូលផ្តុំគ្នាតែគ្មានសមត្ថភាពធ្វើអ្វីបានឡើយ។

ការរួមកម្លាំងរបស់មនុស្សម្នាក់ៗអាចលើកកម្ពស់គុណភាពការងាររបស់ក្រុម និងអាចបង្កើតនូវសមិទ្ធិផលកាន់តែធំថែមទៀត។ ការប្រមូលផ្តុំមតិយោបល់ច្រើន និងការប្រើប្រាស់លក្ខណៈពិសេសរបស់បុគ្គល ការរួមសហការគ្នាដោយមានចិត្តតែមួយគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើមិនអាចធ្វើបែបនេះបានទេ ទោះបីជាមានធនធានមនុស្សល្អច្រើនយ៉ាងណាក៏មិនអាចពង្រីកសក្តានុពលរបស់ស្ថាប័នបានដែរ។

ការខិតខំប្រឹងប្រែងជានិច្ចដើម្បីកែលំអ៖ ការខិតខំប្រឹងប្រែងជានិច្ចគឺជាកត្តាសំខាន់មួយដែលអាចនាំឲ្យយើងសម្រេចបេសកកម្មរបស់យើង ប្រសិនបើយើងគ្មានស្មារតីបែបនេះក្នុងខ្លួនទេ សន្តិភាពពិតប្រាកដ និងវឌ្ឍនភាពក៏មិនអាចទទួលបានដែរ។

ដើម្បីសម្រេចបាននូវបេសកកម្ម យើងត្រូវបន្តខំប្រឹងទៅតាមលទ្ធភាពដែលមាន ហើយជំនះរាល់ឧបសគ្គ ដើម្បីបន្តទៅមុខជានិច្ច។ ទោះបីជាការងារអ្វីក៏ដោយ ត្រូវយកចិត្តទុកដាក់រៀន ហើយធ្វើការពិចារណា ព្រមទាំងមានទឹកចិត្តខ្លៀវខ្លាក្នុងការខិតខំប្រតិបត្តិ ហើយបង្កើតចេញជាគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើឲ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

សុជីវធម៌ និងការដាក់ខ្លួន៖ ធ្វើជាមនុស្សត្រូវមានសុជីវធម៌ និងការដាក់ខ្លួននៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ បើពុំដូច្នោះទេនឹងធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។ សុជីវធម៌ល្អ និងការដាក់ខ្លួន អាចធ្វើឲ្យសង្គមកាន់តែមានសោភ័ណភាព និងធ្វើឲ្យជីវិតកាន់តែមានសុខដុមរម្យនា។

យើងត្រូវចេះមានការគួរសម និងការដាក់ខ្លួននៅពេលបំពេញការងារ។ នៅក្នុងការរស់នៅប្រចាំថ្ងៃ យើងត្រូវចេះគោរពឲ្យតម្លៃទៅអ្នកដទៃជានិច្ច និងប្រាស័្រយទាក់ទងជាមួយមនុស្សគ្រប់រូបដោយក្តីគោរព ហើយយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ខ្លួន និងពិចារណាឡើងវិញអំពីទង្វើរបស់ខ្លួន។

ភាពបត់បែន៖ វឌ្ឍនភាព និងការអភិវឌ្ឍន៍គឺពិបាកនឹងទទួលបានណាស់ប្រសិនបើយើងពុំមានភាពបត់បែនស្របតាមទំនោរធម្មជាតិ។ ប្រសិនបើយើងមិនសម្របខ្លួនតាមមហាជនក្នុងសង្គម ហើយគិតលំអៀងលើទង្វើរបស់បុគ្គល នោះយើងក៏មិនអាចទទួលបានជោគជ័យដែរ។

យើងត្រូវយល់ពីភាពបម្រែបម្រួល និងវឌ្ឍនភាពនៃសង្គម ហើយបន្តសម្របខ្លួនជាមួយនឹងស្ថានភាពនោះជានិច្ច។ ដើម្បីអាចធ្វើបែបនោះបាន រាល់កិច្ចការទាំងឡាយយើងមិនត្រូវមើលឃើញតែជ្រុងមួយនោះទេ ត្រូវចេះស្វែងយល់ពីសារធាតុពិតដែលមាននៅពីក្រោយនោះផងដែរ។

យើងចាំបាច់ត្រូវហ៊ានប្រឈមផ្ទាល់ជាមួយរាល់កិច្ចការនឹងភារកិច្ច ដោយប្រកាន់ភ្ជាប់នូវសុភវិនិច្ឆ័យ មិនត្រូវដាក់បញ្ចូលអារម្មណ៍ផ្ទាល់ខ្លួន និងការគិតរបស់បុគ្គល។ ជាងនេះទៅទៀត ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ និងវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់សង្គមបច្ចុប្បន្ន យើងត្រូវមានចិត្តខិតខំប្រឹងប្រែងជានិច្ចដើម្បីឲ្យខ្លួនមានភាពរីកចម្រើន។

ការដឹងគុណ៖ ការដឹងគុណគឺជាប្រភពនៃសុភមង្គលពិតដែលនាំមកនូវក្តីរីករាយឥតដែនកំណត់ និងមានភាពរស់រវើកដល់មនុស្ស ហើយធ្វើឲ្យយើងមានចិត្តជំនះបាននូវរាល់ឧបសគ្គ។

នៅក្នុងការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់យើង មានការជ្រោមជ្រែងពីមិត្តរួមការងារ និងភាគីពាក់ព័ន្ធជាច្រើន ក៏ដូចជាក្រុមគ្រួសារ និងមនុស្សផ្សេងៗជាច្រើនទៀតក្នុងសង្គមដ៏ធំនេះ។ អាស្រ័យហេតុនេះ យើងត្រូវចេះដឹងគុណ និងមានចិត្ត«ថ្លែងអំណរគុណ»ជានិច្ច ចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងទាំងនោះ។

ការដឹងគុណគ្នាទៅវិញទៅមក ក៏ដូចជាការមានចិត្តថ្លែងអំណរគុណដល់អ្នកទាំងឡាយដែលបានជួយយើង នឹងធ្វើឲ្យយើងអាចចូលរួមអភិវឌ្ឍសង្គម ហើយនាំមកនូវក្តីរីករាយគ្មានដែនកំណត់ ព្រមទាំងធ្វើឲ្យយើងមានកម្លាំងចិត្ត និងភាពក្លាហានពុះពារបាននូវរាល់ឧបសគ្គ។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។