គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 9. ការគ្រប់គ្រងដោយការប្រមូលបញ្ញាសមូហភាព

នៅក្រុមហ៊ុន Panasonic ក្នុងការអនុវត្ត «ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព» ក្រៅពីជម្រុញឲ្យមាន «បុគ្គលិកសហគ្រិន» ដោយបុគ្គលិកម្នាក់ៗមានផ្នត់គំនិតគិតថាខ្លួនជាអ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវចំពោះការងាររបស់ខ្លួនផ្ទាល់ យើងក៏ប្រើវិធីសាស្ត្រគ្រប់គ្រងដោយផ្តោតលើការប្រមូលបញ្ញារបស់បុគ្គលិកម្នាក់ៗផងដែរ។ ស្ថាបនិកធ្លាប់បានលើកឡើងថា «ការគ្រប់គ្រងដ៏ល្អបំផុតគឺការគ្រប់គ្រងដោយផ្អែកលើបញ្ញាសមូហភាព»។

ដើម្បីក្លាយជា «បុគ្គលិកសហគ្រិន» ការបំពេញការងារប្រកបដោយ «ទំនួលខុសត្រូវស្វ័យភាព» គឺចាំបាច់ខ្លាំងជាទីបំផុត។ យើងម្នាក់ៗត្រូវដាក់គោលដៅធ្វើការមិនឲ្យចាញ់អ្នកដទៃ និងបន្តអភិវឌ្ឍខ្លួនឯងជានិច្ច។ ប៉ុន្តែ ទោះបីជាអ្នកមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ ប្រាជ្ញារបស់មនុស្សម្នាក់គឺមានដែនកំណត់។ ការគ្រប់គ្រង និងការធ្វើការដោយពេញចិត្តចំពោះខ្លួនឯង ទោះបីជាអាចដំណើរការបានល្អក្នុងរយៈពេលមួយក៏ពិតមែន តែពេលណាមួយនឹងមានភាពអវិជ្ជមានកើតឡើងចំពោះការធ្វើអត្តនោម័ត ហើយវានឹងមិនបានយូរអង្វែងឡើយ។

ផ្ទុយទៅវិញ ការធ្វើសេចក្តីសម្រេចឆាប់រហ័សប្រកបដោយគុណភាពខ្ពស់ដោយមានការប្រមូលផ្តុំនូវបញ្ញាជាច្រើន គឺអាចឈានដល់ការបន្តចូលរួមវិភាគទានដល់សង្គមឲ្យទាន់ពេលវេលាមិនចាញ់អ្នកដទៃ។

ដើម្បីប្រមូលបាននូវបញ្ញាសមូហភាព ជាបឋមអ្នកមានតួនាទីជាថ្នាក់ដឹកនាំត្រូវសហការណ៍ជាមួយបុគ្គលិកថ្នាក់ក្រោម ហើយប្រើប្រាស់ចំណុចល្អរៀងៗខ្លួនប្រកបដោយប្រសិទ្ធិភាព។ ដើម្បីឲ្យសក្តានុពលនៃសមត្ថភាពរបស់មនុស្សទាំងអស់អាចប្រើប្រាស់បានជាអតិបរិមា យើងត្រូវជឿជាក់លើបុគ្គលិក ហើយផ្តល់នូវសិទ្ធិសម្រេច និងទំនួលខុសត្រូវឲ្យបានច្រើន តែងតែពាំនាំប្រាប់ពីតម្រូវការសមស្របជានិច្ច និងផ្តល់ការយកចិត្តទុកដាក់ដើម្បីឲ្យពួកគេអាចបញ្ចេញនូវគំនិតច្នៃប្រឌិតយ៉ាងសកម្មទៅតាមគោលជំហរៀងៗខ្លួន។ ទាំងនេះគឺជាអ្វីដែលថ្នាក់ដឹកនាំត្រូវធ្វើ។

យើងត្រូវចេះស្តាប់សំណូមពរ និងការបញ្ចេញមតិរបស់បុគ្គលិកថ្នាក់ក្រោម ហើយខំប្រឹងព្យាយាមយកមកអនុវត្តតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ក្នុងករណីមិនអាចយកមកប្រើបានទេ យើងត្រូវពន្យល់ពីមូលហេតុឲ្យបានក្បោះក្បាយ ដោយត្រូវយកចិត្តទុកដាក់កុំឲ្យបុគ្គលិកថ្នាក់ក្រោមបាត់បង់ចំណង់ និងភាពម្ចាស់ការរបស់ខ្លួន ហើយត្រូវសកម្មក្នុងការជម្រុញឲ្យមានការអនុវត្ត និងការយកចិត្តទុកដាក់។

ដើម្បីផ្សព្វផ្សាយពីគោលការណ៍ក្រុមហ៊ុន និងស្ថាប័ន ថ្នាក់លើត្រូវចេះពាំនាំគោលការណ៍ទាំងនោះទៅកាន់បុគ្គលិកថ្នាក់ក្រោមតាមរយៈ «ការពាំនាំពីលើទៅក្រោម»។ ប៉ុន្តែ ប្រសិនបើថ្នាក់លើគ្រាន់តែផ្តល់ការណែនាំ ហើយបុគ្គលិកថ្នាក់ក្រោមគ្រាន់តែធ្វើតាម នោះស្ថាប័ននឹងពុំអាចរីកចម្រើនបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ «ការពាំនាំពីក្រោមទៅលើ» ពោលគឺត្រូវបង្កើតឲ្យមានវប្បធម៌មួយដែលបុគ្គលិកថ្នាក់ក្រោមអាចនិយាយទៅកាន់ថ្នាក់លើបាន ជាមួយនឹងការប្រមូលបញ្ញាសមូហភាពគឺមានសារៈសំខាន់ខ្លាំងណាស់។

ទោះបីជាបុគ្គលិកថ្មីក៏ដោយ ពួកគេម្នាក់ៗគឺជាតួរឯកម្នាក់នៅក្នុងអង្គភាពគ្រប់គ្រងឯករាជ្យមួយ និងជាអ្នកគ្រប់គ្រងម្នាក់ដែលយើងហៅថា «បុគ្គលិកសហគ្រិន» ផ្នត់គំនិតនេះនឹងធ្វើឲ្យពួកគេអាចផ្តល់អនុសាសន៍លើចំណុចដែលគិតថាគួរកែលំអ ដូច្នេះបុគ្គលិកថ្នាក់ក្រោមក៏ចាំបាច់ត្រូវមានការចូលរួមជាមួយនឹងអង្គភាពគ្រប់គ្រងដែរ។

ការប្រមូលផ្តុំមតិយោបល់ផ្សេងៗ និងការយកចិត្តទុកដាក់គឺមានសារៈសំខាន់ខ្លាំង។ ការងាររបស់យើងទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹងអតិថិជននៅលើទីផ្សារគ្រប់ប្រទេសទូទាំងសាកល ដើម្បីឲ្យអតិថិជនបន្តជ្រើសរើសយកយើងនៅក្នុងសង្គមមួយដែលមានការប្រែប្រួល និងមានវឌ្ឍនភាពខ្លាំង ខ្លួនយើងផ្ទាល់ត្រូវបំពេញការងារដោយផ្អែកលើទស្សនៈ និងការគិតដែលមានភាពសម្បូរបែប។ មតិយោបល់ និងការយកចិត្តទុកដាក់ដ៏សម្បូរបែប នឹងបង្កើតឲ្យមានបុគ្គលិកលក្ខណៈសម្បូរបែប។ យើងត្រូវចេះទទួលយកនូវបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ និងគោរពគ្នាទៅវិញទៅមក។

ការប្រើប្រាស់បុគ្គលិកលក្ខណៈផ្សេងៗឲ្យមានប្រសិទ្ធិភាព នឹងធ្វើឲ្យយើងអាចប្រមូលផ្តុំនូវបញ្ញា ជម្រុញឲ្យស្ថាប័នមានភាពរីកចម្រើនជាបន្តបន្ទាប់។ ម្យ៉ាងទៀត ដើម្បីឲ្យការប្រើប្រាស់បុគ្គលិកលក្ខណៈផ្សេងៗឲ្យមានប្រសិទ្ធិភាព បុគ្គលិកថ្នាក់ដឹកនាំត្រូវជួយជម្រុះឧបសគ្គផ្សេងៗទៅអាស្រ័យទៅតាមបុគ្គលម្នាក់ៗ ហើយផ្តល់ឱកាសឲ្យពួកគេសាកល្បងប្រកួតប្រជែង។

នៅក្នុងស្ថាប័ន ត្រូវអនុញ្ញាតឲ្យមាន «ការពាំនាំពីក្រោមទៅលើ» ហើយដើម្បីអាចប្រើប្រាស់បុគ្គលិកលក្ខណៈផ្សេងៗឲ្យមានប្រសិទ្ធិភាព សមាជិកម្នាក់ៗក្នុងស្ថាប័នចាំបាច់ត្រូវដឹងថា «នៅក្នុងស្ថាប័ននេះ ខ្លួនអាចនិយាយរឿងដែលត្រូវនិយាយនៅពេលណាក៏បាន»។ ការប្រមូលផ្តុំបញ្ញាពិតប្រាកដនោះគឺបានន័យថា ក្នុងស្ថាប័នមួយ បញ្ហាប្រឈមត្រូវបានចែករំលែកដោយមិនគិតពីឋានៈលើក្រោម ហើយមានការពិភាក្សាគ្នាអំពីវិធីសាស្ត្រ ឬគោលនយោបាយសម្រាប់ដំណើរការ ក៏ដូចជាទិដ្ឋភាពដែលយើងចង់បាន ទាំងបុគ្គលិកថ្នាក់លើនិងថ្នាក់ក្រោមមិនមែនគ្រាន់តែប្រតិបត្តិតាមការណែនាំ ឬគោលការណ៍ថ្នាក់លើ ទាំងពុំមានការពិចារណា ឬរអែងចិត្តឡើយ គឺត្រូវមានការផ្លាស់ប្តូរយោបល់ត្រឹមត្រូវឲ្យគ្នាជានិច្ច។

ដើម្បីអាចប្រមូលផ្តុំបញ្ញាសមូហភាពបាន ទាំងបុគ្គលិកថ្នាក់លើ និងថ្នាក់ក្រោមត្រូវបោះបង់ចោលការគិត និងអារម្មណ៍ផ្ទាល់ខ្លួន ហើយពិចារណាទៅលើអ្វីមួយដោយផ្អែកលើគោលជំហរួម និងស្ថានភាពជាក់ស្តែង។ ពោលគឺ ការបំពេញការងារដោយ «ទឹកចិត្តស្មោះស» ។

តាមរយៈការប្រតិបត្តិការគ្រប់គ្រងដោយយោងតាមបញ្ញាសមូហភាពនៅផ្នែកទាំងអស់ក្នុងក្រុមហ៊ុនGroupទាំងមូល យើងនឹងអាចសម្រេចបាននូវការផ្តល់សេវាកម្ម តម្លៃ គុណភាពផលិតផលដែលនឹងត្រូវបានអតិថិជនជ្រើសរើសយក ដោយមិនចាញ់នរណាម្នាក់ឡើយ។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។