គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 5. «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង»របស់ក្រុមហ៊ុន Panasonic
ក្រុមហ៊ុន Panasonic បានផ្តោតទៅលើ គោលការណ៍រួម ជំនឿ ស្មារតីទាំងប្រាំពីរ ហើយបានដាក់បញ្ចូលគោលគំនិតទាំងនោះនៅក្នុង «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង» ដើម្បីអនុវត្ត។ លោក Arataro Takahashi ដែលជាអតីតប្រធាន និងដៃស្តាំរបស់ស្ថាបនិក ក្នុងការកសាងមូលដ្ឋានគ្រឹះក្រុមហ៊ុនតាំងពីមុនសង្គ្រាម រហូតដល់ក្រោយបញ្ចប់សង្គ្រាម ឈានចូលដល់សម័យកាលអភិវឌ្ឍន៍ និងពង្រីកវឌ្ឍនភាពក្រុមហ៊ុន លោកបានលើកឡើងនៅក្នុងការអនុវត្តគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ដោយមានប្រសាសន៍ថា៖
ទោះបីជាស្ថិតក្នុងស្ថានភាពប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ប្រសិនបើអ្នកខំប្រឹងធ្វើការងារដ៏អស្ចារ្យជាងគេ ហើយបំពេញការងារដើម្បីឲ្យអតិថិជនទាំងអស់មានក្តីរីករាយ នោះអ្នកប្រាកដជានឹងទទួលបានផលតបស្នងមកវិញ។ ប្រសិនបើអ្នកមិនបានទទួលការតបស្នងទេ នោះគឺសបញ្ជាក់ថាអ្នកមិនបានធ្វើការងារទាំងនោះឡើយ។ ដូច្នេះយើងត្រូវវិភាគ និងដោះស្រាយរាល់បញ្ហាទាំងនោះ។
គោលដៅរបស់យើងមិនមែនដើម្បីស្វែងរកតែផលចំណេញ ឬគ្រាន់តែចង់ពង្រីកក្រុមហ៊ុនឲ្យធំនោះទេ យើងត្រូវបំពេញការងារប្រកបដោយភាពអស្ចារ្យ ដើម្បីឲ្យអតិថិជនជ្រើសរើសយកយើងក្នុងចំណោមជម្រើសដ៏ច្រើនរបស់ពួកគេ។ ប្រសិនបើយើងបន្តធ្វើការដើម្បីឲ្យការរស់នៅរបស់មនុស្សគ្រប់រូបមានភាពសម្បូរបែប កែលំអ និងលើកកម្ពស់គុណភាពនៃការរស់នៅ ដើម្បីនាំមកនូវវឌ្ឍនភាពនៃវប្បធម៌ នោះយើងប្រាកដជានឹងទទួលបានការតបស្នងមកវិញ។
ប្រសិនបើយើងមិនបានទទួលការតបស្នងនោះទេ គឺបានន័យថាមូលដ្ឋានរបស់យើងមានភាពមិនប្រក្រតីនៅត្រង់ណាមួយជាក់ជាពុំខាន ហើយការគិតបែបនេះនឹងធ្វើឲ្យយើងមានការធ្វើកំណែទម្រង់ផ្សេងៗ។ «មកពីវិស័យនេះអាក្រក់» «ក្រុមហ៊ុនដៃគូប្រកួតប្រជែងទម្លាក់តម្លៃខ្លាំងពេកធ្វើឲ្យទីផ្សារជ្រួលច្របល់» ការគ្រប់គ្រងមួយដែលគិតតែពីទម្លាក់ទំនួលខុសត្រូវទៅអ្នកដទៃបែបនេះគឺមិនត្រឹមត្រូវទេ។
ដូចដែលបានលើកឡើងក្នុងប្រសាសន៍ខាងលើ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាពសង្គម ឈានដល់ការសម្រេចបាននូវសង្គមដែលយើងប្រាថ្នា យើងត្រូវបន្តធ្វើកំណែទម្រង់ និងកែលំអជានិច្ច ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនក្នុងការបំពេញការងារ ទាំងផ្នែកគុណភាព តម្លៃ សេវាកម្ម គឺមិនត្រូវឲ្យចាញ់នរណាឡើយ ទើបយើងត្រូវបានអតិថិជនជ្រើសរើសយក។
ប្រសិនបើផលិតផលលក់មិនដាច់ នោះយើងនឹងមិនអាចចូលរួមចំណែកអភិវឌ្ឍសង្គមតាមរយៈផលិតផលបានឡើយ ហើយក៏មិនអាចបំពេញតួនាទីដែលក្រុមហ៊ុនត្រូវមាននោះដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រសិនបើគ្រាន់តែគិតថាទម្លាក់តម្លៃដើម្បីឲ្យលក់បានគឺមិនត្រឹមត្រូវទេ។ មុនឈានដល់ការធ្វើបែបនោះ ចំណុចសំខាន់ដែលយើងត្រូវអនុវត្តមុនគេគឺ ខិតខំស្វែងយល់ពីភាពសមស្របនៃតម្លៃ លើកកម្ពស់គុណភាព និងមុខងារផលិតផល ឬលើកកម្ពស់សេវាកម្មឲ្យមានភាពល្អប្រសើរ។
មានន័យថា ការប្រតិបត្តិការងារដោយផ្អែកតាមគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង គឺយើងមិនអនុញ្ញាតឲ្យថ្លៃដើមខ្ពស់ ហើយគុណភាព និងមុខងារមិនល្អ បន្តកើតមានឡើងនោះទេ យើងត្រូវខិតខំស្វែងរកភាពសមស្រប និងធ្វើការកែលំអជានិច្ច។
ប្រាកដណាស់ ការធ្វើឲ្យតម្លៃមានភាពសមស្រប និងកែលំអគុណភាព ឬមុខងារផលិតផលគឺមិនមែនជារឿងងាយស្រួលឡើយ តែប្រសិនបើយើងមានការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមគោលការណ៍មូលដ្ឋានឲ្យបានខ្ជាប់ខ្ជួន នោះភាពច្នៃប្រឌិតនឹងកើតមានឡើងតាមរយៈនោះ ហើយយើងក៏អាចបន្តខិតខំប្រឹងប្រែងប្រកបដោយភាពត្រឹមត្រូវដើម្បីឆ្ពោះទៅកាន់មាគ៌ារីកចម្រើនផងដែរ។
ដោយឡែក ទោះបីជាយើងពង្រីកអាជីវកម្ម និងស្ថាប័នឲ្យធំយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះនៃអាជីវកម្មគឺពុំខុសគ្នាជាមួយនឹងអាជីវកម្មរបស់បុគ្គលឡើយ យើងត្រូវដឹងថាសារធាតុដើមនៃអាជីវកម្មណាក៏ដូចគ្នាដែរ គឺត្រូវធ្វើអាជីវកម្មដែលមានអតិថិជនគាំទ្រ។
នៅឆ្នាំ១៩៣៥ បទប្បញ្ញត្តិខាងក្រោមត្រូវបានរួមបញ្ចូលទៅក្នុង «បទបញ្ជាផ្ទៃក្នុងមូលដ្ឋាន» ដែលបានអនុម័តនៅពេលដែលក្រុមហ៊ុន Matsushita Electric ត្រូវបានប្តូរទៅជាក្រុមហ៊ុនភាគហ៊ុន។
ទោះបីជាក្រុមហ៊ុន Matsushita Electric រីកធំប៉ុណ្ណាក៏ដោយ យើងមិនត្រូវភ្លេចខ្លួនថាយើងជាសាជីវករមួយ ហើយបុគ្គលិកទាំងឡាយត្រូវប្រកាន់ភ្ជាប់នូវស្មារតីស្មោះត្រង់ និងដាក់ខ្លួនក្នុងពេលបំពេញការងារ។
ស្ថាបនិកយើងបានលើកឡើង៣ចំណុចអំពីលក្ខខណ្ឌលម្អិតនៃ«សាជីវករមួយ» ដូចខាងក្រោម៖
- ដឹងពីអត្ថន័យនៃការធ្វើជំនួញ
- ដឹងពីចិត្តរបស់អតិថិជន
- ចេះឱនក្បាលចំពោះអ្នកដទៃ
យើងត្រូវដឹងច្បាស់ថាតើអត្ថន័យនៃការធ្វើជំនួញរបស់យើងគឺដើម្បីអ្វី ហើយត្រូវស្វែងយល់ពីការគិតរបស់អតិថិជនឲ្យបានលឿងជាងអ្នកដទៃ ព្រមទាំងចងចាំនូវទឹកចិត្តថ្លែងអំណរគុណ និងចេះដាក់ខ្លួនជានិច្ច ចំណុចទាំងនេះហើយគឺជាអ្វីដែលក្រុមហ៊ុនទាមទារឲ្យយើងម្នាក់ៗប្រកាន់ភ្ជាប់ក្នុងខ្លួន។
- 1. បេសកកម្មរបស់ក្រុមហ៊ុន
- 2. បេសកកម្មរបស់ក្រុមហ៊ុន Panasonic និងកិច្ចការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន
- 3. គោលការណ៍រួម
- 4. ជំនឿ/ស្មារតីទាំងប្រាំពីរ
- 5. «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង»របស់ក្រុមហ៊ុន Panasonic
- 6. ការអនុវត្តគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង
- 7. អតិថិជនជាមនុស្សសំខាន់
- 8. ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព
- 9. ការគ្រប់គ្រងដោយការប្រមូលបញ្ញាសមូហភាព
- 10. បង្កើតមនុស្ស និងប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព
សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។