គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 6. ការអនុវត្តគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង

គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងត្រូវអនុវត្តផ្ទាល់ទើបកើតចេញជាចំណេះក្នុងខ្លួនយើង។ លោកអតីតប្រធាន Arataro Takahashi បានមានប្រសាសន៍ថា៖ «គោលការណ៍នេះទោះបីជាយើងចងចាំវាក្នុងខួរក្បាលយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។ អ្វីដែលសំខាន់ជាងគេនោះគឺត្រូវប្រើរាងកាយមកចងចាំវា ពោលគឺអនុវត្តផ្ទាល់ ហើយចាត់ទុកវាជា"ទីរំពឹង"នៃសកម្មភាព» ហើយខ្លួនលោកផ្ទាល់ក៏បានប្រើប្រាស់វាដើម្បីសម្រេចបាននូវភាពរីកចម្រើន និងកសាងក្រុមហ៊ុនគ្រុបជាច្រើនផងដែរ។

ជាបន្តមកនេះ យើងនឹងពន្យល់អំពីចំណុចសំខាន់ដើម្បីស្វែងយល់ឲ្យច្បាស់ពីគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងដើម្បីឈានដល់ការអនុវត្តផ្ទាល់។

(1) ស្រមៃមើលទិដ្ឋភាពនៃ«អនាគតដែលយើងត្រូវសម្រេច» ហើយស្វែងយល់ពីតម្លៃពិតរបស់អតិថិជន

គោលដៅរបស់យើងគឺសម្រេចឲ្យបាននូវ«សង្គមដែលយើងប្រាថ្នា» ដែលមានភាពសម្បូរបែបទាំងផ្នែកស្មារតី និងផ្នែកសម្ភារៈ។ ទោះបីអាជីវកម្មណាក៏ដូចគ្នាដែរ យើងត្រូវស្រមៃពីអនាគតដែលយើងចង់បាន ហើយខិតខំប្រឹងប្រែងសម្រេចវាឲ្យបាន។

អត្ថន័យនៃអនាគតដែលយើងចង់បាននៅទីនេះគឺមិនមែនគ្រាន់តែបន្តពង្រីកនូវអ្វីដែលមានក្នុងពេលបច្ចុប្បន្ននោះទេ ហើយក៏មិនមែនគ្រាន់តែគិតតាមទស្សនៈរបស់ខ្លួននោះឡើយ។ យើងត្រូវធ្វើការស្រមៃពីទិដ្ឋភាពនាថ្ងៃអនាគតដោយគិតថា តើការរស់នៅរបស់មនុស្សគ្រប់រូប សង្គម បរិស្ថានសាកលនៅថ្ងៃខាងមុខមានរូបភាពបែបណា តើទាំងនោះគួរស្ថិតក្នុងទិដ្ឋភាពបែបណា? ទើបអាចឲ្យកូន និងចៅៗជំនាន់ក្រោយរបស់យើងទទួលបាននូវភាពសម្បូរបែបជាងបច្ចុប្បន្ន ទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី។

ការគិតបញ្ច្រាសមកវិញបែបនេះ នឹងធ្វើឲ្យយើងដឹងថាតើអាជីវកម្មរបស់យើងអាចនាំមកនូវអត្ថប្រយោជន៍បែបណាខ្លះ ហើយដើម្បីអាចនាំមកនូវអត្ថប្រយោន៍ប្រសើរជាងគេ យើងត្រូវធ្វើកំណែទម្រង់អាជីវកម្មរបស់ខ្លួនដោយរបៀបណាខ្លះដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន និងត្រូវប្រើមធ្យោបាយបែបណាខ្លះដើម្បីសម្រេចឲ្យបានជាដាច់ខាត។

ដើម្បីឲ្យអនាគតដែលយើងប្រាថ្នាអាចសម្រេចទៅបានតាមរយៈផលិតផល និងសេវាកម្មក្នុងអាជីវកម្មរបស់យើងយ៉ាងជាក់លាក់ យើងត្រូវស្វែងយល់ពីតម្លៃពិតរបស់អតិថិជន។ តម្លៃពិតរបស់អតិថិជនមិនមែនសំដៅទៅលើការទាមទារឲ្យមានគុណភាព និងមុខងារច្រើនជ្រុលនោះទេ។ ហើយក៏មិនមែនមានន័យថាគ្រាន់តែអនុវត្តតាមអ្វីដែលអតិថិជនលើកឡើងនោះឡើយ។ យើងត្រូវស្ថិតនៅក្បែរអតិថិជន ស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមយ៉ាងពិតប្រាកដរបស់អតិថិជន ហើយសម្លឹងឃើញអនាគតកាលរបស់ពួកគេ ដោយនាំមកនូវអត្ថប្រយោជន៍យ៉ាងពិតប្រាកដសម្រាប់អតិថិជន។

យើងត្រូវស្តាប់សម្លេងរបស់អតិថិជននាពេលបច្ចុប្បន្នឲ្យបានច្បាស់ ហើយឈរលើជំហរបស់អតិថិជន និងធ្វើការកែលំអផលិតផលឲ្យកាន់តែមានភាពប្រសើរឡើង។ ដោយឡែក ការដែលហៅថា «ស្ថិតនៅក្បែរអតិថិជនយ៉ាងពិតប្រាកដ»នោះគឺមានន័យថា ត្រូវគិតពីការរស់នៅនាថ្ងៃអនាគត និងការធ្វើកំណែទម្រង់សង្គមដើម្បីអតិថិជន ហើយដើម្បីសម្រេចបាននូវគោលដៅទាំងនោះ យើងត្រូវហ៊ានធ្វើការប្រកួតប្រជែងដើម្បីអតិថិជន។

នៅក្នុងក្រុមហ៊ុន Panasonic មានអាជីវកម្មជាច្រើនដែលបានរីកចម្រើនតាមរយៈការគិតបែបនេះ។ ឧទាហរណ៍ដូចជា អាជីវកម្មគ្រឿងម៉ាស៊ីន។ នៅអំឡុងឆ្នាំ១៩៣០ ស្ថាបនិករបស់យើងបានស្រមៃឃើញទិដ្ឋភាពអនាគតមួយថា នៅថ្ងៃមួយនាពេលអនាគត ផ្ទះនីមួយៗប្រាកដជានឹងប្រើប្រាស់គ្រឿងម៉ាស៊ីនជាមធ្យម១០គ្រឿង ហើយលោកក៏បានបង្កើតអាជីវកម្មគ្រឿងម៉ាស៊ីន។ ទន្ទឹមគ្នានោះ លោកក៏បានគិតឃើញនូវទិដ្ឋភាពមួយដោយចង់ឲ្យ«មនុស្សគ្រប់រូបមានភាពងាយស្រួលក្នុងការទទួលយកព័ត៌មាន» ហើយក៏បានលើកឡើងនូវគោលដៅផ្គត់ផ្គង់វិទ្យុទៅកាន់ក្រុមគ្រួសារជាច្រើនក្នុងតម្លៃពាក់កណ្តាលនៃតម្លៃដើម ថែមទាំងសម្រេចការកាត់បន្ថយថ្លៃដើមបានពាក់កណ្តាល។

មាគ៌ាដើម្បីសម្រេចនាថ្ងៃអនាគតគឺវែងឆ្ងាយ និងមានហានិភ័យ។ ជាក់ស្តែង អាជីវកម្មគ្រឿងម៉ាស៊ីនដែលបានចាប់ផ្តើមពីចំណុចសូន្យមួយនេះ គឺពុំបានដំណើរការទៅមុខដោយរលូនទេ ថែមទាំងស្ថិតក្នុងស្ថានភាពមួយដែលមានការលើកឡើងក្នុងក្រុមហ៊ុនថា «ត្រូវតែបិទរោងចក្រ»។

ប៉ុន្តែ លោកអតីតប្រធាន Arataro Takahashi បានអនុវត្តតាមគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ដោយបាននិយាយទៅកាន់បុគ្គលិកទាំងអស់ក្នុងផ្នែកទទួលបន្ទុកការងារពាក់ព័ន្ធឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីផ្តល់នូវសេវាកម្ម តម្លៃ គុណភាពផលិតផលឈានមុខគេ រីឯអ្នកទាំងអស់គ្នាដែលធ្វើការនៅផ្នែកផលិត ផ្នែកបច្ចេកទេស ផ្នែកលក់បានគោរពប្រតិបត្តិតាម ហើយបន្តខិតខំកែលំអដោយមិនស្តាយកម្លាំងរបស់ខ្លួនឡើយ ជាលទ្ធផលគឺពួកគាត់ទទួលបានសមិទ្ធិផលយ៉ាងល្អរហូតដល់ផលិតស្ទើរតែមិនទាន់។ ទំរាំតែឈានដល់ដំណាក់ការបែបនោះគឺចំណាយពេលប្រហែល២០ឆ្នាំ ហើយវឌ្ឍនភាពនៃអាជីវកម្មគ្រឿងម៉ាស៊ីនក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អាជីវកម្មគ្រឿងអេឡេចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានផងដែរ។

ដូចការពណ៌នាខាងលើ នៅក្នុងអាជីវកម្មនីមួយៗ យើងទាំងអស់គ្នាត្រូវចេះស្រមៃទិដ្ឋភាពអនាគតដែលចង់ឲ្យក្លាយជាការពិត និងបន្តស្វែងយល់ពីតម្លៃពិតរបស់អតិថិជន។

(2) ការអនុវត្ត «សមធម៌សង្គម» និង «សហអត្ថិភាព សហវិបុលភាព»

ការប្រកបអាជីវកម្មដោយទទួលបានធនធានពីសង្គម គឺតម្រូវឲ្យយើងមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវដើម្បីសង្គមវិញ ហើយត្រូវបំពេញទំនួលខុសត្រូវឲ្យបានពេញលេញចំពោះស្ថាប័នពាក់ព័ន្ធផងដែរ។

ក្រៅពីមិនបំពានច្បាប់ និងរក្សាក្រមសីលធម៌សង្គម យើងត្រូវពិចារណាជានិច្ចថា «តើធ្វើដូចម្តេចទើបជាការត្រឹមត្រូវសម្រាប់សង្គម» ហើយសិក្សាពីចំណេះដឹងត្រឹមត្រូវ យកទៅអនុវត្តជាក់ស្តែង។ យើងចាំបាច់ត្រូវរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិក ហើយប្រតិបត្តិតាម«សមភាពសង្គម» ដោយចូលរួមចំណែកឲ្យមានការរីកចម្រើនយ៉ាងពិតប្រាកដដល់សង្គម វិស័យពាក់ព័ន្ធ និងដៃគូអាជីវកម្ម។

លើសពីនេះ ចំពោះក្រុមហ៊ុនពាក់ព័ន្ធជាច្រើនដែលមានទំនាក់ទំនងអាជីវកម្មយ៉ាងជិតស្និទ្ធជាមួយយើង ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ ក្រុមហ៊ុនម៉ៅការបន្ត ក្រុមហ៊ុនបញ្ជូនបុគ្គលិក ហាង ឬភ្នាក់ងារតំណាងដែលលក់ផលិតផលឲ្យយើង ពួកគាត់សុទ្ធតែជាដៃគូរធ្វើឲ្យយើងរីកចម្រើនរួមគ្នា ដូច្នេះយើងត្រូវគិតពីភាពរីកចម្រើន និងវិបុលភាពរួមគ្នា និងសម្រេចគោលដៅនេះឲ្យបាន។

ក្នុងនាមជាសមមិត្តដែលមានគោលដៅដូចគ្នាដើម្បីអភិវឌ្ឍសង្គម ក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយភាគីពាក់ព័ន្ធទាំងនោះ យើងត្រូវមានភាពស្មោះត្រង់ និងយោគយល់គ្នា ហើយត្រូវបណ្តុះបណ្តាលគ្នាទៅវិញទៅមកដើម្បីកែលំអការងារ បច្ចេកទេស និងផលិតផលជាដើម។ តាមរយៈការធ្វើបែបនេះ ភាគីនីមួយៗអាចដើរតួនាទីកាន់តែធំនៅក្នុងសង្គមតាមរយៈកិច្ចសហប្រតិបត្តិការខណៈពេលដែលរក្សាបាននូវស្វ័យភាព និងការគាំទ្រទៅវិញទៅមក ដែលផ្តល់ការកើនឡើងដល់កម្លាំងរួម។ នេះគឺជាទស្សនៈមូលដ្ឋានរបស់ Panasonic ដែលហៅថា «សហអត្ថិភាព សហវិបុលភាព»។

(3) លុបបំបាត់ភាពខ្ជះខ្ជាយ ភាពជាប់គាំង និងការធ្វើឡើងវិញ

បើមើលតាមទស្សនៈស្តីពីផលចំណេញរបស់យើងដែលបានអធិប្បាយនៅក្នុង «1. បេសកកម្មរបស់ក្រុមហ៊ុន» យើងត្រូវគិតថា ការខាតបង់គឺជា «កំហុសដ៏អាក្រក់» ។ ទោះបីជាអាជីវកម្មដែលមានផលចំណេញច្រើនយ៉ាងណាក៏ដោយ ប្រសិនបើអាជីវកម្មនោះមានការខ្ជះខ្ជាយ ការជាប់គាំងច្រើន នោះប្រាក់ចំណេញដែលតាមពិតត្រូវទទួលបានច្រើន គឺគ្រាន់តែត្រូវបានយកមកទប់តែប៉ុណ្ណោះ។ ផ្អែកតាមទស្សនៈដែលយើងត្រូវស្វែងរកប្រាក់ចំណេញដើម្បីចូលរួមវិភាគទានទៅអតិថិជនកាន់តែច្រើន និងសង្គមនាថ្ងៃអនាគត ការធ្វើបែបនេះក៏ជា «កំហុសដ៏អាក្រក់» មួយដែរ។

អាស្រ័យហេតុនេះ បើយើងគិតថាការខាតបង់គឺជាកំហុសដ៏អាក្រក់ នោះការដែលបណ្តាលឲ្យមានភាពខ្ជះខ្ជាយ ភាពជាប់គាំង ឬការធ្វើការងារឡើងវិញ ក៏ជា «កំហុសដ៏អាក្រក់» ដែរ។ ទោះបីជាការងាររបស់បុគ្គលិកម្នាក់ៗតូចតាចយ៉ាងណាក្តី ទាំងនោះសុទ្ធតែពាក់ព័ន្ធដល់មនុស្សក្នុងសង្គមទាំងអស់ និងពាក់ព័ន្ធដល់វឌ្ឍនភាពសង្គមជានិច្ច។

ប្រសិនបើគិតដូចនេះ សកម្មភាពអាជីវកម្មរបស់យើងគឺមិនអនុញ្ញាតឲ្យមានភាពខ្ជះខ្ជាយ សូម្បីតែបន្តិចបន្តួចក្តី។ យើងទាំងអស់គ្នាចាំបាច់ត្រូវមើលឃើញភាពខ្ជះខ្ជាយបន្តិចបន្តួចដែលកើតមាន ហើយខិតខំកែលំអ និងលុបបំបាត់វា។ អាស្រ័យហេតុនេះ យើងត្រូវយល់ថា សូម្បីតែការប្រើប្រាស់ខ្ចៅ១គ្រាប់ ក្រដាស១សន្លឹក ការងារទាំងនោះសុទ្ធតែមានការពាក់ព័ន្ធដល់វឌ្ឍនភាពសង្គម ហើយយើងត្រូវខិតខំប្រឹងប្រែងអនុវត្តការងារទាំងនោះឲ្យមានភាពប្រសើរជានិច្ច។

ប្រាកដណាស់ វិធីអនុវត្តការងារទាំងនោះនឹងមានការប្រែប្រួលទៅតាមសម័យកាល តែទោះជាស្ថិតក្នុងសម័យកាលណាក៏ដោយ យើងត្រូវលើកកម្ពស់ល្បឿនអាជីវកម្ម និងល្បឿងបំពេញការងារ ហើយពង្រឹងសមត្ថភាពប្រកួតប្រជែងនៅកន្លែងជាក់ស្តែង និងចូលរួមវិភាគទានដល់សង្គមតាមរយៈការលុបបំបាត់ភាពខ្ជះខ្ជាយ ភាពជាប់គាំង ការធ្វើការងារឡើងវិញឲ្យអស់ពីសមត្ថភាព។

(4) ឆ្លើយតបនឹងភាពបម្រែបម្រួលក្នុងសង្គម

សង្គមបច្ចុប្បន្នមានការប្រែប្រួលជានិច្ច ហើយល្បឿននៃការប្រែប្រួលនោះគឺកាន់តែលឿនទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិតក្នុងស្ថានភាពបម្រែបម្រួលបែបនេះ មានរបស់ខ្លះត្រូវបានលុបបំបាត់ ឬអន់ថយ ហើយក៏មានរបស់ខ្លះត្រូវបានបង្កើតថ្មីផងដែរ។ ជារួម យើងអាចនិយាយបានថាសង្គមមានការប្រែប្រួល និងរីកចម្រើនជានិច្ច។

ដោយឡែក តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មានបញ្ហាសង្គមជាច្រើនដែលកើតមានឡើងប្រឆាំងជាមួយនឹងវឌ្ឍនភាពសង្គម ដូចជាបញ្ហាបរិស្ថានសាកលជាដើម។ ប៉ុន្តែ យើងត្រូវហ៊ានប្រឈមមុខក្នុងការដោះស្រាយរាល់បញ្ហាទាំងនេះ ហើយស្វែងរកវិធានការកាន់តែល្អប្រសើរ និងមាគ៌ាថ្មី ព្រោះថាសង្គមរបស់យើងគឺនៅតែបន្តប្រែប្រួលជារៀងរាល់ថ្ងៃ និងមានភាពរីកចម្រើនទៅមុខជានិច្ច។ ស្ថាបនិករបស់យើង លោកបានគិតថា រាល់វត្ថុទាំងឡាយក្នុងលោកសុទ្ធតែដើរតាមគន្លង «កកើត និងវិវឌ្ឍន៍»។

ដើម្បីអាចសម្រេចបាននូវ «សង្គមដែលយើងប្រាថ្នា» ប្រកបដោយភាពសម្បូរបែបទាំងផ្នែកសម្ភារៈ និងផ្នែកផ្លូវចិត្ត នៅក្នុងអាជីវកម្មនីមួយៗ ត្រូវស្រមៃពីអនាគតដែលត្រូវមាន មើលឃើញពីអនាគតកាលរបស់អតិថិជន ព្រមទាំងពុះពារដើម្បីផ្តល់នូវសេវាកម្ម និងផលិតផលដែលមានអត្ថប្រយោជន៍ដល់អតិថិជន។ ក្នុងស្ថានភាពនោះ យើងត្រូវប្រឈមជាមួយនឹងភាពបម្រែបម្រួលដែលអាចជាឱកាស និងភាពបម្រែបម្រួលដែលអាចជាការគំរាមកំហែងសម្រាប់យើង។

ចំពោះភាពបម្រែបម្រួល និងសញ្ញាបម្រែបម្រួលទាំងនោះ យើងមិនត្រូវមើលឃើញតែសំបកក្រៅនៃរឿងដែលកើតមានឡើងទេ ជាបឋម យើងត្រូវប្រឈមនឹងស្ថានការណ៍ដោយផ្ទាល់ និងផ្អែកលើទស្សនៈទូទៅ អ្វីដែលសំខាន់គឺយើងត្រូវចេះប្រមើមើលពីលំហូរដ៏ធំដែលនៅពីក្រោយខ្នងនោះ។ ដើម្បីឆ្លើយតបនឹងភាពបម្រែបម្រួលបាន ពេលខ្លះយើងត្រូវពិចារណាបញ្ឈប់វិធីធ្វើខ្លះ ទោះបីជាកន្លងមកយើងធ្លាប់អនុវត្តវាបានល្អប្រសើរក៏ដោយ។

រឿងដែលត្រូវបញ្ឈប់យើងត្រូវមានចិត្តក្លាហានក្នុងការបញ្ឈប់ ហើយដើរផ្លូវថ្មី ជាមួយនឹងអារម្មណ៍ថ្មី ដោយចាត់ទុកថាមួយថ្ងៃៗ «គឺសុទ្ធតែជាថ្ងៃថ្មីជានិច្ច»។ នៅពេលយើងមានទឹកចិត្តបែបនេះ យើងអាចយកចិត្តទុកដាក់ចំពោះភាពបម្រែបម្រួលក្នុងសង្គម ហើយមានចិត្តខ្លៀវខ្លាជានិច្ចក្នុងការបន្តសាកល្បងនូវអ្វីដែលថ្មី។

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។